នៅសុខៗហេតុអ្វី រាជនីក្រមា មាន សូនីតា ចោទសំណួរបែបនេះ ទៅប្រិយមិត្ត?
(ភ្នំពេញ)៖ តារាសម្តែងស្រី កញ្ញា មាន សូនីតា ត្រូវបានគេដាក់រហស្សនាមឲ្យជា «រាជនីក្រមា» កំពុងតែមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈ ថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងមុខជំនួញរបស់ខ្លួន ហើយកាលពីពេលកន្លងទៅនាង ទើបតែបានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។ រួមផ្សំជាមួយនឹងទេពកោសល្យ និងរូបសម្រស់ពីធម្មជាតិធ្មេញជំពើស តែងតែជំរុញឲ្យស្នាមញញឹម កាន់តែស្រស់ស្អាត និងមានលក្ខណៈ ពិសេសថែមទៀតផង។
តារាសម្ដែងរាជនីក្រមា មាន សូនីតា ហាក់ដូចជាសប្បាយចិត្ត នឹងជីវិតនៅលីវរបស់នាងជាខ្លាំង ខណៈស្រាប់តែកាលពីថ្មីៗនេះ នាងបានបង្ហោះរូបក្នុងទំព័រហ្វេសប៊ុក ដោយបានសួរសំណួរមួយ ទៅកាន់អ្នកគាំទ្រថា «គេឲ្យខ្ញុំទៅរិតធ្មេញ ប៉ុន្តែតាំងពីក្មេងមកស្រឡាញ់ធ្មេញជំពើសហ្នឹង យល់ម៉េចដែរ?» ក្នុងនោះ ក៏មានអ្នកគាំទ្រ និងមហាជន បានចូលទៅសម្តែងមតិយោបល់ថា «ពុំចាំបាច់ធ្វើការពត់ធ្មេញអ្វីនោះទេ ព្រោះធ្មេញជំពើសនេះ បានលើកសម្រស់របស់រាជនីក្រមា កាន់តែមានភាពស្រស់ស្អាត ថែមមួយកម្រិតទៀត»។
គួរបញ្ជាក់ថា មាន សូនីតា ជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយ មានឈ្មោះថា «ផ្ទះស្រឡាញ់» ដោយមួយរយៈកន្លងមកនេះ នាងតែងតែមានរៀបចំដំណើរកម្សាន្ត នៅតាមបណ្ដាខេត្តនានា ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីម៉ូដសម្លៀកបំពាក់ ច្នៃចេញពីក្រមារបស់ខ្លួន។ មាន សូនីតា ចូលចិត្តផ្ដិតយកទិដ្ឋភាព ដ៏ស្រស់ត្រកាលតាមឆ្នេរខ្សាច់ នៅតំបន់មាត់សមុទ្រ ដោយលេងស្ទីលសម្លៀកបំពាក់ ច្នៃឡើងពីក្រមាខ្មែរ រួមមាន ដង្កៀបកៀបសក់ រ៉ូប និងសម្លៀកបំពាក់ផ្សេងៗ ច្នៃម៉ូដឡើង ពីស្នាដៃក្រុមអ្នកតម្បាញ នៅសមាគម តម្បាញក្រមាខ្មែរ៕
ប្រភព khmertalking.com
Post a Comment